រាជធានីភ្នំពេញ ៖ ខណៈបណ្តឹងលែងលះកំពុងស្ថិតនៅក្នុងដៃតុលាការ តារាសម្តែងនាងភិន សុដាលីស ប្រកាន់ជំហររក្សាតំណក់ឈាមក្នុងផ្ទៃលើកដំបូងរបស់នាងជាមួយលោកប៉ែន ចំរ៉ុង។ កាលពី ពេលថ្មីៗកន្លងមក សុដាលីស បានបង្ហាញរូបភាពកូននៅក្នុងផ្ទៃរបស់នាងដល់សាធារណជនលើទំព័រហ្វេសប៊ុក ។
រូបភាពបានពីការថតអេកូក្នុងពេលពពោះជាង៣ខែ ត្រូវតារាសម្តែងក្នុងរឿង «ទឹកចិត្តប្រពន្ធ» នាងភិន សុដាលីស បង្ហោះតាមហ្វេសប៊ុកជាមួយនឹងសារបង្ហាញក្តីរីករាយចំពោះកូនរបស់នាង ។
នាងភិន សុដាលីស សរសេរថា «គ្រាន់តែចាប់យករូបភាពភ្លាម គឺកូននេះដាក់ម្រាម២ស្វាគមន៍ម៉ែវាតែម្តង «កាត់រកម៉ែវាណាស់» រូបនេះតាំងពីគាត់បាន៣ខែកន្លះក្នុងពោះម៉្លេះ» ។ បន្ទាប់ពី ភិន សុដាលីស បង្ហោះរូបភាពនោះរួចមក មានប្រិយមិត្តគាំទ្រជាច្រើនចូលរួមសម្តែងការអបអរសាទរ និងជូនពរនាងឲ្យមានភាពរឹងមាំនៅក្នុងការបីបាច់ថែរក្សាកូននៅក្នុងផ្ទៃរបស់នាង ។
វេសប៊ុកឈ្មោះ Honey Komhoch បានចូលរួមជាយោបល់ថា «បងនឹងរឹងមាំដើម្បីកូនបង ខ្ញុំយល់ពីចិត្តបងពេលហ្នឹង តែមុននឹងបងធ្វើអីមួយពេលបងទ្រាំមិនបាន ត្រូវគិតដល់កូនបងមុនគេ ថាគេមិនអាចខ្វះបងបានទេ ។ ការឈឺចាប់អ្នកក៏មាន តែត្រូវតទល់ឱ្យបាន ហើយធ្វើអីដែលបងគិតថាធ្វើនឹងបានធូរស្រាល... ពិភពលោកតូចមួយនេះត្រូវការស្នាមញញឹមរបស់បង» ។
ចំណែកហ្វេសប៊ុកឈ្មោះ Se Kim Len បានចូលរួមជាយោបល់ថា «កូនបងគេឆ្លាតណាស់ចេះឱ្យកម្លាំងចិត្តបងតាំងពីមិនទាន់ចាប់កំណើត។ គេនឹងក្លាយជាមនុស្សរឹងមាំ ហើយនឹងមើលថែការពារបងបានល្អមិនខាន ។ ជូនពរបង និងកូនមានសុខភាពល្អ ត្រូវតែរឹងមាំណាបងស្រី យកកូនជាធំ» ។
ប្រិយមិត្តឈ្មោះម៉ាក់ វីរីយ៉ា បានចូលរួមជាយោបល់ថា «មិនមែនអូនតែម្នាក់ទេដែលជួបរឿងបែបនេះ តែមានស្រី្តជាម្តាយជាច្រើននាក់ដែលជួបរឿងបែបនេះ តែកូនគឺជាថ្នាំជំនួយ ជួយដាស់សតិម្តាយឱ្យតស៊ូពុះពារក្នុងជីវិត យើងអាចអត់ប្តីបាន តែយើងមិនអាចអត់កូនបានឡើយ ព្រោះទំនួលខុសត្រូវក្នុងនាមជាម្តាយ ទោះមានរឿងអ្វីក៏ដោយ ក៏គ្មានថ្ងៃបោះបង់កូនឡើយរហូតដល់ដង្ហើមចុងក្រោយ ស៊ូៗប្អូន ព្រោះជីវិតគ្មានពាក្យថាថយក្រោយឡើយ មានតែពាក្យថាទៅមុខ» ។
តារាសម្តែងនាងភិន សុដាលីស និងលោក ប៉ែន ចំរ៉ុងបានចូលខ្លួនទៅសាលាដំបូងរាជធានីកាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ សម្រាប់នីតិវិធីផ្សះផ្សាជាលើកទីមួយលើពាក្យបណ្តឹងសុំលែងលះរបស់លោកប៉ែន ចំរ៉ុង ។
បន្ទាប់ពីចូលខ្លួនលើកដំបូងនោះរួចមក នាង ភិន សុដាលីស ពុំបានបញ្ជាក់ព័ត៌មាននៃរឿងនេះឡើយ ខណៈពេលលោកប៉ែន ចំរ៉ុង អះអាងដោយខ្លីថា នេះគ្រាន់តែជាការផ្សះផ្សាលើកទីមួយប៉ុណ្ណោះ ចំណែករឿងផ្សេងទៀតលោកសុំមិននិយាយទេ ៕
ដោយ ៖ សុខ វាសនា
______________________________________________________________________________






0 comments:
Post a Comment